ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។
ប្រភពពីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ អាជ្ញាធរជាតិព្រះវិហារបានទទួលភ្ញៀវទេសចរចូលមកទស្សនា នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរមានចំនួន ១២ ៤៣០នាក់។
ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារសរុបចំនួន ៥ ១៦៤ នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៤ ៣៤០នាក់ ភ្ញៀវទេសចរបរទេសចំនួន ៨២៤នាក់ និងភ្ញៀវទេសចរជាតិចូលទស្សនានៅរមណីយដ្ឋានប្រាសាទកោះកេរ ចំនួន ៧ ២៦៦នាក់។
សូមជម្រាបជូនថា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៨ ៨៨៣នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៧៥០២នាក់ និងរមណីយដ្ឋានប្រាសាទកោះកេរ ៧ ៥០២នាក់៕