នៅផ្នែកខាងក្នុងនៃទ្វារមាសរបស់អ្នក មិនខុសពីផ្នែកខាងក្នុងមាត់របស់អ្នកទេ ព្រោះទ្វារមាសគ្របដណ្តប់ទៅដោយភ្នាសដែលមានជាតិរំអិល ដែលមានសណ្ឋានដូចជាសំបោរពណ៌ស ហើយជាតិរំអិលនោះគឺជាប្រភេទជាលិកានៃសរីរាង្គដែលមានតួនាទីផលិតជាតិសំណើម។
ការបញ្ចេញទឹករំអិលនៃទ្វារមាសរបស់ស្ត្រី ជាធម្មតាមានលក្ខណៈ ពណ័សថហ្លា ហើយខាប់ និងមានជាតិស្អិតតិចៗដូចក្រមួនក្រែម ព្រមទាំងមានក្លិនតិចៗជាក្លិនធម្មជាតិនៃសារធាតុរាវនេះ។ ប៉ុន្តែប្រសិន បើពេលណាការបញ្ចេញទឹករំអិលមានសភាពខុសធម្មតា ដូចជា មានក្លិនខុសប្រក្រតី (ក្លិនមិនល្អ) ពណ៌ដិតជាងរាល់ដង (ពណ៌រាងខៀវ) ខាប់ រមាស់ និងក្រហាយ នោះគឺជាអាការធ្លាក់សហើយ។ អាការធ្លាក់ស ក៏ជាបញ្ហារោគស្រ្តីដូចគ្នា វាអាចបញ្ជាក់អំពីស្ថានភាពសុខភាពរបស់ស្រ្តី ការរស់នៅប្រចាំថ្ងៃមិនបានត្រឹមត្រូវ និងរបបអាហារមិនល្អ។
ក្នុងករណី ការធ្លាក់សលាយជាមួយនឹងឈាមពណ៌ក្រហមព្រឿងៗ និងមានការឈឺចាប់ខ្លាំង អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែកសុខភាពស្ត្រីឱ្យបានច្បាស់លាស់។
ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ ក៏ដូចជាការពារការបង្កមេរោគនៅលើប្រដាប់បន្តពូជ អ្នកគួរស្វែងយល់អំពីវិធីសាស្រ្តដែលអាចជួយការពារ ឬជួយសម្រួលដល់សុខភាពនៃទ្វារមាស។
ឡេឌីស៍បានធ្វើការសិក្សាស្រាវជ្រាវនូវគន្លឹះថែទាំខ្លះៗ ចែកជូនស្រ្តីក្នុងការការពាររោគទាំងនោះដូចតទៅ ៖
1. ប្រើប្រាស់ខោទ្រនាប់ដែលផលិតពីសាច់ក្រណាត់អំបោះសុទ្ធ ព្រោះសាច់ក្រណាត់អំបោះអាចជួយឱ្យបរិវេណនៃប្រដាប់ភេទរបស់អ្នកមានខ្យល់ចេញចូលគ្រប់គ្រាន់ (មិនហប់ពេក)។ ម្យ៉ាង ស្ត្រីគួរស្លៀកខោទ្រនាប់តែពេលថ្ងៃបានហើយ កុំព្យាយាមស្លៀកនៅពេលយប់
2. ដាច់ខាតមិនត្រូវប្រើប្រាស់ប្រេង ឬផលិតផលជាតិរំអិលផ្សេងៗនៅបរិវេណយោនីរបស់អ្នក ព្រោះជាតិសំណើមនៃផលិតផលទាំងនោះអាចបង្កឱ្យកើតមានបាក់តេរីមិនល្អ
3. មិនត្រូវស្លៀកសម្លៀកបំពាក់តឹងចង្អៀតពេក ឬស្លៀកផ្អាប់យូរពេកនោះទេ ដូចជា សម្លៀកបំពាក់ហាត់ប្រាណ ខោអាវទ្រនាប់ ឬជាប្រភេទខោខូវប៊យរឹបរាងខ្លាំង
4. គួរណាកុំប្រើប្រាស់នូវផលិតផលសម្អាង ឬផលិតផលបំបាត់ក្លិននៅលើបរិវេណទ្វារមាស ព្រោះវាអាចនាំឱ្យកើតមានផលវិបាកដល់សុខភាពប្រដាប់បន្តពូជ
5. នៅពេលមានអាការឈឺចាប់ និងរមាស់ខ្លាំង សូមកុំអេះ កុំត្រដុស ឬធ្វើអ្វីៗដែលអាចបង្ករបួសដល់ទ្វារមាស
6. សូមមានទម្លាប់សម្អាតបរិវេណទ្វារមាសឱ្យបានស្អាតត្រឹមត្រូវ ក្រោយពេលបន្ទោរបង់រួច ដោយការប្រើប្រាស់ក្រណាត់ ឬក្រដាសដែលមានអនាម័យល្អក្នុងការជូត
7. ជានិច្ចកាល សូមប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ ខណៈដែលអ្នកកំពុងព្យាបាល ឬកើតមានអាការនោះឡើង