ប្រទេសឡាវ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជារដ្ឋសង្គមនិយមមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសឡាវ មានព្រំប្រទល់ជាប់ជាមួយប្រទេសចិននិងមីយ៉ាន់ម៉ា នៅទិសពាយព្យ វៀតណាមនៅទិសខាងកើត ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់ជាមួយប្រទេសថៃ។ ប្រទេសនេះគ្មានព្រំដែនជាប់សមុទ្រទេ។ វៀងច័ន្ទន៍គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ឡាវ។
១. វាំងវៀង
វ៉ាំងវៀង ឬ វាំងវៀង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយដែលមានទេសភាពស្រស់ត្រកាល ពោរពេញទៅដោយភ្នំទាបខ្ពស់រូបរាងប្លែកៗ វាលស្រែជាថ្នាក់ៗពណ៌ខៀវស្រងាត់ មានស្ទឹងសង (Song River) ហូរកាត់តាមជ្រលងភ្នំដ៏ថ្លាគួរឱ្យចង់មុជលេង។ វាមានទីតាំងនៅស្រុកវ៉ាំងវៀង ខេត្តវៀងច័ន្ទ ប្រទេសឡាវ មានចំងាយពីទីក្រុងវៀងច័ន្ទ ១៥៤ គីឡូម៉ែត្រ និងចំងាយ ២១០ គីឡូម៉ែត្រពីហ្លួងព្រះបាង។
២. វៀងច័ន្ទន៍
វៀងច័ន្ទន៍ គឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតរបស់ប្រទេសឡាវ ស្ថិតនៅក្នុងអាងទន្លេមេគង្គជាប់នឹងខេត្តណងខៃ របស់ថៃ។ ទីក្រុងនេះត្រូវបានបែងចែកជាតំបន់រដ្ឋបាលពីរគឺ រដ្ឋធានីវៀងចន្ទន៍ និង ខេត្តវៀងចន្ទន៍ ។ ទីក្រុងនេះបានរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ២៥ នៅខែធ្នូ ឆ្នាំ២០០៩ ដោយប្រារព្ធខួប ៥០ឆ្នាំនៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ។
៣. ចំប៉ាសក្តិ
ខេត្តចំប៉ាសក្តិ ជាខេត្តមួយនៅភាគខាងត្បូងប្រទេសឡាវ។ ខេត្តនេះនៅជាប់នឹង ខេត្តសារ៉ាវ៉ាន់ ខេត្តសេគង្គ និងខេត្តអាចម៍ក្រពើ។ នៅខាងត្បូង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា ហើយនៅខាងលិច ជាប់នឹងខេត្តឧប៊ុនរាឆ:ថានី របស់ប្រទេសថៃ។ រមណីយដ្ឋានសំខាន់ៗ របស់ខេត្តនេះ មាន វត្តភូ និងទឹកជ្រោះខុងផាផេង។
៤. សុីផាន់ដន
ស៊ីផាន់ដន មានន័យថា កោះបួនពាន់ គឹជា ប្រជុំកោះ តាមមាត់ទន្លេ ក្នុង ទន្លេមេគង្គ។ ស៊ីផាន់ដន ជាផ្នែកនៃ ស្រុកខោង រួមទាំងកោះ និងជាផ្នែកមួយនៃដីគោកនៅភាគខាងកើត។ ស៊ីផាន់ដន មានកោះជាច្រើន ហើយកោះសំខាន់ៗរបស់ ស៊ីផាន់ដន គឺ ដនខង (ធំជាងគេ) ដនសោម (ធំទីពីរ) ដនដេត និង ដនខន។ ស៊ីផាន់ដន ជាប់ព្រំដែន កម្ពុជា ហើយទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ ភ្ជាប់ប្រជាជននៅសងខាង ព្រំដែន។ ប៉ាក់សេ គឺជាទីក្រុងដែលនៅជិតបំផុត នៅក្នុងប្រទេសឡាវដើម្បីទៅកាន់តំបន់កោះបួនពាន់។
៥. ទឹកធ្លាក់ក្វាងស៊ី
ទឹកធ្លាក់ក្វាងស៊ី ហៅក្រៅថា ទឹកធ្លាក់តាតក្វាងស៊ី គឺជាទឹកធ្លាក់ ៣ ជាន់ មានទីតាំងស្ថិតនៅប្រហែល ២៩ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃ ទីក្រុងហ្លួងព្រះបាង។ ទីតាំងនេះ គឺជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់អ្នកទេសចរនៅហ្លួងព្រះបាង។ អ្នកស្រុកគិតថ្លៃសំបុត្រចូលទស្សនា ២មុឺនគីប ដើម្បីចូលទស្សនាកន្លែងនេះ ជំនួសមកវិញនូវការថែទាំយ៉ាងល្អជាមួយនឹងផ្លូវដើរ និងមានស្ពានថែមទៀតផង។