ស្រ្តីពរពោះ គឺមានតម្រូវការទឹកច្រើនជាងមនុស្សធម្មតា ព្រោះទឹកពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេហើយក៏ចូលរួមផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកម្តាយផ្ទាល់ និងទារកក្នុងផ្ទៃ។ ការទទួលទានទឹកគ្រប់គ្រាន់អាចជួយបង្កើនទឹកភ្លោះ ផលិតគ្រាប់ឈាមបន្ថែម និងបង្កើតជាលិកាថ្មីៗដែលផ្ទុកសារធាតុចិញ្ចឹមជាច្រើនដើម្បីទ្រទ្រង់ដល់រាងកាយ។ ទឹក គឺមានប្រមាណប្រហែល 60% នៃសារពាង្គកាយរបស់មនុស្សយើង វាពិតដើរតួយ៉ាងសំខាន់នៅក្នុងគ្រប់មុខងារទាំងអស់របស់រាងកាយអ្នក ដូច្នេះហើយទើបស្រ្តីពោះធំពិតជាត្រូវការទឹកបន្ថែម ព្រោះសុខភាពគភ៌គឺអាស្រ័យទៅលើការទទួលទានទឹករបស់អ្នកម្តាយ។
ដើម្បីរក្សាជាតិទឹកក្នុងរាងកាយឲ្យបានល្អ ស្រ្តីកំពុងពពោះ គួរចៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងមានជាតិអាល់កុល សូមងាកមកញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកដោះគោជំនួសវិញ។
ឥឡូវនេះ ឡេឌីស៍សូមពាំនាំនូវអត្ថប្រយោជន៍មួយចំនួនដែលបានបញ្ជាក់ថា ទឹកពិតជាមានសារសំខាន់ចំពោះស្ត្រីពរពោះ ៖
• បង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ
• គ្រប់គ្រងសីតុណ្ហភាពរាងកាយ
• បង្កើតកោសិកាថ្មីៗ
• បញ្ជូនប្រូតេអ៊ីន និងកាបូអ៊ីដ្រាតមកកាន់ទារកក្នុងផ្ទៃ• កាត់បន្ថយការចុករោយសន្លាក់ និងអាការហើមដៃជើង
• ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
• បង្កើនទឹកភ្លោះនៅក្នុងគភ៌
• កាត់បន្ថយការទល់លាមក និងបន្ថយហានិភ័យនៃជំងឺឬសដូងបាត
• បង្កើនថាមពលបន្ថែម និងធ្វើឱ្យស្បែកមានសំណើមគ្រប់គ្រាន់
• កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម និងការសម្រាលកូនមិនគ្រប់ខែ
សញ្ញាណនៃការខ្វះជាតិទឹករួមមាន ៖
• ការឡើងកំដៅនៃរាងកាយរបស់ម្តាយ
• ឈឺក្បាល វិលមុខ និងងងុយគេងខ្លាំង
• ទឹកនោមមានពណ៌លឿងដិត
• គ្រួសក្នុងតម្រងនោម
• អាចបណ្តាលឱ្យទារកមានពិការភាព
• ការឆ្លងមេរោគបង្ហូរទឹកម៉ូត្រដែលអាចធ្វើឱ្យមានការសម្រាលកូនមិនគ្រប់ខែ
• រួមទាំងបញ្ហាផ្សេងៗទៀត ដូច្នេះសូមអ្នកម្តាយគ្រប់រូបទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពរាងកាយផ្ទាល់ខ្លួន និងសុខភាពរបស់ទារកក្នុងគភ៌ផងដែរ។