នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមបើកយុទ្ធនាការ “កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា – Run for Girls, Run for All” ដោយមានការចូលរួមពីលោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា – Girls Leadership for All” នៅមាត់ទន្លេត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ដែលមានអ្នកចូលរួមប្រមាណ ១៧៥៣នាក់។
លោកស្រី គង់ សូរីតា រដ្ឋលេខាធិការ តំណាងលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី រដ្ឋលេខាធិការក្រសួងកិច្ចការនារី អំពាវនាវដល់សហគមន៍ទាំងមូល ផ្តល់ឱកាស និងការសម្រេចចិត្តដល់កូនស្រី តាមរយៈការអប់រំ ការការពារ និងការផ្តល់ឱកាសស្មើភាពគ្នាក្នុងការអភិវឌ្ឍខ្លួន។
លោកស្រី គង់ សូរីតា បានមានប្រសាសន៍បន្តថា “សូមចងចាំថា ប្អូនៗមានសក្តានុពលគ្មានដែនកំណត់។ សូមកុំខ្លាចក្នុងការបញ្ចេញមតិ ក្លាហាន តស៊ូ និងឈានក្លាយជាអ្នកដឹកនាំនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ សូមប្អូនៗហ៊ានសុបិនឱ្យធំ និងដើរតាមក្តីសុបិនរបស់ខ្លួន និងត្រូវចងចាំថា ក្តីសុបិនរបស់ប្អូនៗ គឺជាការកសាងនូវអនាគតសង្គមមួយប្រកបដោយ សុខុដុមនិងចីរភាព” ។

យុទ្ធនាការនេះមានគោលបំណងធំៗ ចំនួន ២ ៖
១. លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូបជាពិសេសបុរសនិងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញដើម្បីអនុវត្តនូវសិទ្ធិ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
២. បង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។

ខ្មែរ
English








