កន្លងមក Suarez ធ្លាប់បានរិះគន់គ្រូបង្វឹកជម្រើសជាតិអ៊ុយរូហ្គាយលោក Bielsa ជាសាធារណៈ ហើយកីឡាករអ៊ុយរូហ្គាយមួយចំនួនបានសម្តែងការយល់ព្រមនឹងការរិះគន់នេះផងដែល។ ជាការឆ្លើយតប Raphinha ក៏បានចែករំលែកគំនិតរបស់ខ្លួនផងដែរ។ Bielsa និង Raphinha ធ្លាប់ជាគ្រូនិងសិស្សជាមួយគ្នាកាលនៅ Leeds United ។
Raphinha បាននិយាយថា “ខ្ញុំមិនប្រាកដថាមានអ្វីកើតឡើងជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយនោះទេ ប៉ុន្តែខ្ញុំអាចចែករំលែកបទពិសោធន៍របស់ខ្ញុំក្នុងការធ្វើការជាមួយលោក Bielsa នៅ Leeds United ។ ខ្ញុំមានសមិទ្ធផលមកដល់ថ្ងៃនេះគឺបានគាត់ជាអ្នកបង្ហាត់បង្ហាញនូវចំណេះដឹង ហើយខ្ញុំអរគុណចំពោះគាត់ផងដែរ” ។
“អំឡុងពេលដែលយើងនៅជាមួយគ្នា យើងមានពេលវេលាដ៏អស្ចារ្យ ហើយបានឆ្លងកាត់ពេលវេលាដ៏លំបាកមួយចំនួនដូចជានៅក្នុងគ្រួសារធំមួយ។ នៅពេលដែលមនុស្សជាច្រើនរស់នៅក្រោមដំបូលតែមួយ ជម្លោះគឺជៀសមិនរួចទេ។ ពេលខ្លះអ្វីៗដំណើរការទៅដោយរលូន ហើយពេលខ្លះក៏មានរឿងមិនសប្បាយចិត្តផងដែរ។ វាមិនតែងតែល្អឥតខ្ចោះនោះទេ”។
“ខ្ញុំជឿថាស្ថានភាពគឺវាអាចនឹងស្រដៀងគ្នា មិនថានៅក្នុងក្លឹបបាល់ទាត់ ឬក្រុមជម្រើសជាតិទេ។ ពេលខ្លះអ្វីៗដំណើរការល្អ ហើយពេលខ្លះវាមិនដំណើរការល្អនោះទេ។ លោក Bielsa និងខ្ញុំក៏មានការមិនចុះសម្រុង និងការឈ្លោះប្រកែកគ្នាផងដែរ ប៉ុន្តែចំពោះរូបខ្ញុំ ខ្ញុំពិតជាដឹងគុណដល់រូបគាត់ណាស់ ហើយខ្ញុំមានថ្ងៃនេះដោយសារតែគាត់ដែរ”៕