កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ Selena Gomez បានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធី Cannes Film Festival លើកទី ៧៧ ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសបារាំង។ Selena Gomez ចួលរួមលើកនេះ គឺដើម្បីសម្ភោធន៍ខ្សែភាពយន្តថ្មីរបស់នាងដែលមានចំណងជើងថា “Emilia Perez”។ តារាស្រីរូបនេះ ពាក់ឈុតរ៉ូបពណ៌ខ្មៅ លាយស ជាមួយនឹងស្តាយធ្លាក់ស្មា អមជាមួយនឹងស្បែកជើងកែង ដែលផលិតឡើង Santoni។
Selena Gomez លេងស្តាយសក់បែបសុភាព ដោយគ្រាន់តែចងទម្លាក់ទៅក្រោយ ប៉ុន្តែគ្រឿងអលង្ការដែលនាងពាក់គឺមិនធម្មតាឡើយ។ តារា Pop អាមេរិករូបនេះ ពាក់ខ្សែក ពេជ្រ ដែលផលិតនិងរចនាម៉ូត នៅប្រទេស ប៊ូលហ្គារី។ គួររំលឹកថាកាលពីខែ មិនា កន្លងទៅ Selena Gomez បាននិយាយថា នាងស្រលាញ់ជីវិតរស់នៅក្នុងប្រទេសបារាំង ហើយនាងមានការស្នាក់នៅពិសេស នៅប៉ារីស អំឡុងពេលដែលកំពុងថតខ្សែភាពយន្តរឿង “Emilia Perez”។ Gomez បន្តថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ នៅបារាំង។ ខ្ញុំចាប់ផ្តើមស្រលាញ់ ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលនៅទីនេះ ហើយជាពិសេសគឺជីវិតដែលរស់នៅបារាំងចំនួន ២ ខែមកនេះ”។
ក្រោយត្រូវបានសួរអំពីការចង់ផ្លាស់ប្តូរអាជីព ពីតារាចម្រៀង មកធ្វើជាតារាសម្តែងវិញ Selena Gomez ពន្យល់ថា “ខ្ញុំគិតថា វាគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្ស ក្នុងការសម្រាកអំពីអាជីពរបស់ខ្លួន មួយរយៈ។ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំចង់មានផ្នែកនៃជីវិតដែលរីករាយ និង មានមោទកភាពចំពោះអ្វីដែលខ្ញុំកំពុងធ្វើ”។ Gomez បន្តទៀតថា “ខ្ញុំស្រលាញ់ភាពយន្ត ហើយខ្ញុំក៏ស្រលាញ់កម្មវិធីទូរទស្សន៍ដូចគ្នា។ មានរឿងជាច្រើនដែលខ្ញុំចង់ធ្វើលើសពីការផលិតតន្រ្តី ប៉ុន្តែមិនទាន់បានធ្វើនៅឡើយ”៕