យោងតាមរបាយការណ៍ចុងក្រោយពី Manchester Evening News បានឲ្យដឹងថាកីឡាករ Echeverri បានទទួលការអនុញ្ញាតពីក្លឹប Manchester City ដើម្បីតំណាងក្រុម U២០ អាហ្សង់ទីន ក្នុងការប្រកួត U២០ South American Championship នាពេលខាងមុខនេះ។
បន្ទាប់ពីបញ្ចប់រដូវកាលឆ្នាំ ២០២៤ កីឡាករ Echeverri បានលាគ្នាជាមួយក្លឹប River Plate ហើយដើមឡើយគ្រោងនឹងចូលរួមជាមួយក្រុម Manchester City នៅថ្ងៃទី១ ខែមករា។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់នឹងពន្យារពេលការមកដល់របស់គាត់ដើម្បីចូលរួមក្នុងការប្រកួត U២០ South American Championship ដែលចាប់ផ្តើមពីពាក់កណ្តាលខែមករាដល់ ខែកុម្ភៈ។
ទោះបីជាក្រុម U២០ អាហ្សង់ទីន មិនទាន់ប្រកាសជាផ្លូវការអំពីក្រុមរបស់ពួកគេក៏ដោយ ប៉ុន្តែកីឡាករ Echeverri ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បញ្ចូល និងកំពុងរៀបចំសម្រាប់ការប្រកួតរួចហើយ។ ក្រុម U២០ អាហ្សង់ទីន នឹងត្រូវជួបក្រុមការពារតំណែងជើងឯកប្រេស៊ីល U២០ ក្នុងការប្រកួតបើកឆាករបស់ពួកគេនៅថ្ងៃទី ២២ ខែមករា។ វគ្គចែកពូលនឹងបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងការប្រកួតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។
បន្ទាប់ពីបំពេញភារកិច្ចជាមួយក្រុម U២០ អាហ្សង់ទីន កីឡាករ Echeverri នឹងចូលរួមជាមួយ Manchester City វិញ។ គាត់អាចលេងឱ្យក្រុមរបស់លោក Pep Guardiola នៅរដូវកាលនេះ ដោយសារក្លឹបនៅតែចាត់ទុកគាត់ជាកីឡាករសំខាន់សម្រាប់អនាគត៕