អ្នកកាសែតដ៏ល្បីល្បាញលោក Fabrizio Romano បានរាយការណ៍ថា Neymar ជិតដល់ពេលត្រឡប់ទៅកាន់ Santos វិញហើយ ដោយភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាដោយពាក្យសំដី។
យោងតាមលោក Romano នីតិវិធីផ្លូវការសម្រាប់ការវិលត្រឡប់របស់ Neymar ទៅកាន់ក្លឹប Santos នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ រួមទាំងការបញ្ចប់លក្ខខណ្ឌផ្ទេររបស់ក្លឹប Al-Hilal និងការត្រួតពិនិត្យកិច្ចសន្យារបស់គាត់។ Neymar បានយល់ព្រមលើការផ្លាស់ប្តូរនេះរួចហើយ ហើយការប្រកាសនេះត្រូវបានគេរំពឹងថានឹងចេញក្នុងពេលឆាប់ៗនេះជាមួយនឹងពាក្យថា “Here We Go!”។
បច្ចុប្បន្ន Neymar មានអាយុ ៣២ឆ្នាំកំពុងលេងឱ្យក្លឹប Al-Hilal ដោយបានចូលរួមជាមួយក្លឹបមកពី Paris Saint-Germain ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃផ្ទេរ ៩០លានអឺរ៉ូ។ ចាប់តាំងពីចូលរួមជាមួយក្រុម Al-Hilal មក Neymar បានបង្ហាញខ្លួនចំនួន ៧ប្រកួត ស៊ុតបញ្ចូលទីបាន ១គ្រាប់ និងផ្តល់ជំនួយ ៣ដង។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ២០២៤ គាត់លេងបានតែ ២ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប ដោយសរុបបាន ៤២នាទីនៃការប្រកួត៕