អ្នកច្នៃម៉ូតដ៏ល្បីលោក ម៉ែន សីហា ហៅ Olivia Kong ទីបំផុតលោកបានសម្រេចនូវក្តីស្រមៃដ៏ធំធេង សម្រាប់ការនាំយកស្នាដៃច្នៃម៉ូតសម្លៀកបំពាក់បែបបុរាណ ទៅដើរបង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា នៅពីមុខប្រាសាទបុរាណខ្មែរ ក្នុងព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ។
![](https://ladies.com.kh/wp-content/uploads/2023/12/pica-1-683x1024.jpg)
លោក Olivia Kong បានបង្ហោះសារស្តែងពីអារម្មណ៍ ព្រមទាំងរៀបរាប់ពីគោលបំណងធំៗទាំងប្រាំរបស់លោកទាំងរំជួលចិត្ត ក្រោយពីសម្រេចបាននូវក្តីប្រាថ្នាដ៏ធំធេងទាំងនេះ។ លោក Olivia Kong បានមានប្រសាសន៍ថា៖ «ខ្ញុំយំ គឺយំរំភើបចិត្តដែលបានសំរេចក្ដីសុបិន្តដ៏ធំក្នុងឆាកជីវិត យំព្រោះតែខ្មែរអាចធ្វើបាន »។
![](https://ladies.com.kh/wp-content/uploads/2023/12/5-2-761x1024.jpg)
គោលបំណងរបស់លោក ក្រៅពីការដឹងគុណដល់បុព្វបុរសខ្មែរ លោកក៏ចង់បន្តការគោរពថែរក្សា និងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា តាមរយៈការច្នៃប្រឌិតខ្ពស់បែបសម័យថ្មី ដែលប្រកបដោយការគិត និងការអនុវត្ត ព្រមទាំងមានទឹកតាងដែលច្បាស់លាស់ចេញពីទឹកដីកំណើត។ ម្យ៉ាងទៀត លោកក៏សំណូមពរឲ្យមានការលុបបំបាត់នូវការបំបាក់ទឹកចិត្ត ការរិះគន់ដោយខ្វះនូវការគិតពិចារណា ហើយខ្វះខាតនូវការស្រាវជ្រាវ មកកាន់វិស័យសិល្បៈ ឬវិស័យដើរម៉ូត ច្នៃម៉ូត គ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ ដែលកំពុងស្ថិតនៅក្នុងសម័យកាលទំនើប ដែលជាអ្នកច្នៃប្រដិស្ឋក្ដី ជាអ្នកច្នៃម៉ូតក្ដី ជាសិល្បករ សិល្បការិនីក្តី ឲ្យមានការប្រឹងប្រែង ដុសខាត់នូវជំនាញ និងចំណេះរបស់ពួកគេ បន្តជាពន្លឺពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះលោកយល់ឃើញថា នេះជាការចាប់ផ្ដើមថ្មីមួយរបស់កម្ពុជា រួបរួមគ្នាដើម្បីប្រទេសជាតិយើងរីកចម្រើន។
![](https://ladies.com.kh/wp-content/uploads/2024/05/1140x150-2-scaled.jpg)
![](https://ladies.com.kh/wp-content/uploads/2023/12/1-4-676x1024.jpg)
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរានហាលខាងមុខប្រាសាទបាភួន ក្នុងខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក ក្នុងគោលបំណងដើម្បីស្វែងរកថវិកាសប្បុរសធម៌ជួយដល់កុមារកម្ពុជា។
![](https://ladies.com.kh/wp-content/uploads/2023/12/pica-2-640x1024.jpg)
![](https://ladies.com.kh/wp-content/uploads/2023/12/pic1-683x1024.jpg)