ផ្សាររាត្រីដ៏សម្បូរបែបចម្រុះវប្បធម៌នេះមានទីតាំងលាតសន្ធឹងតាមបណ្តោយផ្លូវ “Temple Street” រាប់ចាប់ពីផ្លូវ Jordan រហូតដល់ផ្លូវ Kansu នៅចំកណ្តាលតំបន់ Kowloon នៃទីក្រុងហុងកុង ប្រទេសចិន។ កូនតូបតូចៗត្រៀមចាំទុកបង្អួតភ្ញៀវទេសចរ តែងតែត្រៀមខ្លួនបើកឡើងបន្ទាប់ពីព្រះអាទិត្យលិចបាត់ទៅ អំឡុងម៉ោង 9 យប់។
អាជីវករជាច្រើនមានចិត្តរំភើបចំពោះការអាជីវកម្មជាលក្ខណៈម្ចាស់ដើមស្រុក រួមមានដូចជា សម្លៀកបំពាក់ (បុរាណ និងសម័យ) គ្រឿងអលង្ការតម្លៃសមរម្យ កាបូប នាឡិកា របស់របរប្រើប្រាស់ក្នុងផ្ទះ ប្រដាប់ក្មេងលេង និងមានជាសម្ភារៈជាច្រើនទៀត ជាទីផ្សារបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អ្វីដែលមិនអាចបំភ្លេចបាននោះគឺ ការភ្លក់អាហារសម្រន់តាមបែបប្រពៃណីជនជាតិចិន មានដូចជា ប្រហិតត្រី ស៊ីវម៉ៃ ឌីមសាំ គាវ ស៊ុបព្រុយត្រីឆ្លាម ស៊ុបពស់ និងអាហារចម្រុះជាតិសាសន៍នៅគ្រប់អាហារដ្ឋាននៃតំបន់ផ្លូវនេះ។
ផ្លូវដ៏មមាញឹក Temple Street Night Market ក៏ពោរពេញដោយគ្រូទាយ និងអ្នកជំនាញហុងស៊ុយផងដែរ បន្ថែមពីនោះ អ្នកក៏អាចទស្សនានូវការសម្តែងល្ខោនចិនកាតាំង ឬល្ខោនអូប៉េរ៉ា Cantonese ដែលជាទម្រង់នៃការកម្សាន្តតន្ត្រីដ៏ពេញនិយមបំផុតនៅក្នុងទីក្រុងហុងកុង ហើយត្រូវបានគេសម្តែងនៅគ្រប់ទីកន្លែងចាប់ពីរោងមហោស្រពលំដាប់កំពូលរហូតដល់ជ្រុងផ្លូវសាមញ្ញ។ ។
ត្រៀមទទួលយកបទពិសោធន៍ចក្ខុវិស័យដ៏ស្រស់ស្អាតនៃផ្លូវ Temple Street តាមរយៈការដំឡើងសិល្បៈពន្លឺដ៏ភ្លឺស្វាងនៅតាមដងផ្លូវ ជាមួយគំនូរប្រកបដោយភាពច្នៃប្រឌិតព្យួរនៅលើជញ្ជាំង។ Temple Street សម្បូរទៅដោយភ្ញៀវទេសចរជាច្រើន ព្រោះវានៅតែជាកន្លែងកម្សាន្តដ៏ប្លែកភ្នែក និងអាចអន្ទងអារម្មណ៍អ្នកទៅកាន់ជីវិតពេលរាត្រីនាសម័យអតីតកាល។
ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍នៃទេសភាពដ៏ល្អឯករបស់ប្រពៃណីប្រទេសចិន និងសំឡេងនៃវប្បធម៌ក្នុងស្រុក អ្នកគួរតែរៀបចំវិសម្សកាលដំណើរកំសាន្តទៅកាន់ទីក្រុងហុងកុង នៃប្រទេសចិន ជាពិសេសនោះគឺ ផ្សាររាត្រីផ្លូវប្រាសាទបុរាណបង្កប់វប្បធម៌យ៉ាងពេញលេញ “Temple Street Night Market”។