ទឹកជូតមុខ “Toner” ត្រូវបានគេស្គាល់ជាផលិតផលថែរក្សាសម្រាប់ជូតស្បែកមុខ បន្ទាប់ពីលាងសម្អាតមុខរួច។ ផលិតផលមួយនេះ គឺជាមធ្យោបាយដ៏ល្អមួយក្នុងការកម្ចាត់ជាតិខ្លាញ់លើស ភាពកខ្វក់នៅលើស្បែក និងប្រេងដែលចេញពីស្បែកមុខ។
ម្យ៉ាង ទឹកជូតមុខអាចកម្ចាត់ចោលនូវភាគល្អិតកខ្វក់ និងធូលីមិនល្អដែលអ្នកបានប៉ះពាល់មកពីបរិស្ថានខាងក្រៅ នៅសេសសល់ទុំជាប់លើស្បែក បើទោះបីជាអ្នកថ្វើការលាងសម្អាតមុខរួចរាល់ក៏ដោយ។ លើសពីនេះ Toner ក៏អាចរក្សាតុល្យភាពកម្រិត pH របស់ស្បែក ឬកាត់បន្ថយស្នាមអាចម៍រុយ និងការរលាកផងដែរ។
អត្ថប្រយោជន៍រួមនៃទឹកជូតមុខ(Toner)
អ្វីដែលអស្ចារ្យបំផុតអំពី Toner គឺថា អ្នកអាចបញ្ចូលវាទៅក្នុងទម្លាប់នៃការថែរក្សាសម្រស់ជាប្រចាំថ្ងៃរបស់អ្នក ព្រោះអ្នកគ្រាន់តែប្រើវាមុនពេលថែរក្សាស្បែក។ Toner រួមមានអត្ថប្រយោជន៍ជាច្រើនដូចជា ៖
• កម្ចាត់ធូលីដី និងកំទេចកំទីដែលនៅសេសសល់
• ផ្តល់ស្បែកភ្លឺថ្លា
• ធ្វើឱ្យស្បែកស្រស់ថ្លាបន្ទាប់ពីការលាងសម្អាត
• ធ្វើឱ្យមានតុល្យភាពកម្រិត pH
• ជម្រុះកោសិកាស្បែកចាស់ៗ
• កាត់បន្ថយស្នាមក្រហម និងស្នាមអុចខ្មៅ
• អាចជម្រុញការស្រូបយកផលិតផលផ្សេងៗចូលស្បែកមុខបានល្អ
របៀបប្រើប្រាស់ Toner ឱ្យបានត្រឹមត្រូវ
អ្នកអាចប្រើប្រាស់ Toner ចំនួនពីរដងក្នុងមួយថ្ងៃគឺ នៅពេលព្រឹកមុនពេលអ្នកប្រើប្រាស់ផលិតផលថែទាំស្បែក និងនៅពេលយប់មុនមុនចូលគេង…
1. លាងសម្អាតមុខជាធម្មតាជាមួយនឹងសាប៊ូស ប្រសិនបើត្រូវប្រើផលិតផលសម្រាប់ Exfoliant អ្នកត្រូវប្រាកដថាប្រើប្រាស់វាមុនពេលជូត Toner
2. ចាក់ទឹក Toner លើបន្ទះសំឡី ហើយជូតថ្នមៗលើមុខ និងបរិវេណ ក
3. សូមកុំជូត Toner ក្រោយការលាបផលិតផលថែទាំស្បែកមុខផ្សេងៗ
4. ប្រើការថែទាំស្បែកក្រោយជូត Toner អាស្រ័យទៅលើផលិតផលរបស់អ្នក ដូចជានៅពេលព្រឹកអ្នកអាចជូត Toner រួច សឹមលាបសេរ៉ូម ហើយបន្ទាប់មកប្រើប្រាស់ជាមួយលេការពារកម្តៅ និង Make Up។