យោងតាមរបាយការណ៍បានឱ្យដឹងថា តារាបាល់ទាត់សញ្ជាតិឈីលី Arturo Vidal ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Colo-Colo ត្រូវបានចាប់ខ្លួនដោយសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការរំលោភផ្លូវភេទជាមួយការប្រើប្រាស់គ្រឿងញៀន។ ប្រព័ន្ធផ្សព្វផ្សាយឈីលីជាច្រើនបានរាយការណ៍ថា ស្ត្រីម្នាក់បានអះអាងថានាងត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀននៅឯបារមួយក្នុងទីក្រុង Santiago រដ្ឋធានីរបស់ប្រទេសឈីលី កាលពីថ្ងៃអាទិត្យ។ នាងបានចូលរួមពិធីជប់លៀងមួយដែលរៀបចំដោយអ្នកលេងម្នាក់នៅ Colo-Colo ជាការប្រារព្ធខួបកំណើតមិត្តរួមក្រុមរបស់គេ។
បន្ទាប់ពីរឿងនេះ Vidal ត្រូវបានគេរាយការណ៍ថាស្រវឹង ហើយត្រូវបានចាប់ខ្លួនរួមជាមួយអ្នកផ្សេងទៀត ខណៈដែលពួកគេត្រូវបានគេចោទប្រកាន់ថាព្យាយាមរត់គេចពីកន្លែងកើតហេតុនៅពេលដែលប៉ូលីសមកដល់។ ទីបំផុតពួកគេត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលឃុំខ្លួនមួយរយៈពេលខ្លី ហើយបន្ទាប់មកបានដោះលែងវិញ។ ឥឡូវនេះ ព្រះរាជអាជ្ញាកំពុងធ្វើការស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ Vidal ក្នុងការចោទនេះ ហើយវាអាចទៅរួចដែលអ្នកផ្សេងទៀតក៏ពាក់ព័ន្ធផងដែរ។
សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភ័ក្តិ ហើយដល់ពេលដែលបងស្រីរបស់នាងមកដល់រកនាង ក៏មិនបាននិយាយ និងរក្សាលំនឹង។ ស្ត្រីអាយុ២២ឆ្នាំត្រូវបានគេជឿថាបានផឹកស្រាហើយប្រហែលជាត្រូវបានគេប្រើប្រាស់ថ្នាំញៀនទើបឱ្យបងស្រីរបស់នាងទាក់ទងទៅប៉ូលិស។ នារីរងគ្រោះបានកើតទុក្ខមិនសុខចិត្តបន្ទាប់ពីកើតរឿងនេះ ហើយនាងត្រូវបានគេទុកឱ្យនៅម្នាក់ឯង៕