គិតមកដល់ពេលនេះ កូនទី៨ ត្រកូលខាត់ គឺអ្នកនាង ខាត់ សួស្ដី បានក្លាយជាតារាចម្រៀងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រមាណកន្លះឆ្នាំមកហើយក្នុងហេតុផលនឹកស្មានមិនដល់មួយ។
តាមការបញ្ជាក់របស់សាមីខ្លួន សួស្ដី បានក្លាយជាតារាចម្រៀងផលិតកម្មខាងលើចាប់ពីវេលាបុណ្យភ្ជុំឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន។ ពាក់ព័ន្ធនឹងដើមហេតុ ក៏ដូចជាមូលហេតុនៃការចូលរួមជីវភាពជាតារាចម្រៀងអាជីពក្នុងផលិតកម្មនេះ សួស្ដី ប្រាប់ដើមឡើយ នាងគ្រាន់ជាតារាអ្នកចម្រៀងមួយរូបដែលច្រៀងតាមប្រព័ន្ធបណ្ដាញសង្គមដូចជា ហ្វេសប៊ុក យូធូប ប៉ុណ្ណោះ។
ប៉ុន្តែនៅពេលមួយ នាងបានទទួលការទាក់ទងពីខាងផលិតកម្ម ដែលពេលនោះ គុយលី ដែលជាអតីតពលករនៅប្រទេសថៃ បានធ្វើការទំនាក់ទំនងមក ដោយសួរចិត្តក៏ដូចជាចំណាប់អារម្មណ៍ចង់ច្រៀងឲ្យផលិតកម្ម ហ្គាឡាក់ស៊ីឬអត់។ ដោយយល់ថា ជាឱកាសល្អដែរ សួស្ដី ក៏បានព្រមព្រៀងជាមួយ គុយលី ចូលរួមជាផលិតកម្មតែម្ដង។
បទទីមួយរបស់ សួស្ដី ក្នុងផលិតកម្មហ្គាឡាក់ស៊ី មានចំណងជើងថា “ដេកសុខៗពេញក្រមុំ” ជាបទបែបប្រជាប្រិយ។ បទនេះហើយ ក៏ជាបទ ដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងនាមជាតារាចម្រៀងអាជីពរបស់ផលិតកម្ម។
ត្បិតថាជាសាច់ឈាមគ្រួសារសិល្បៈបែបបុរាណ ប៉ុន្តែ សួស្ដី អាចច្រៀងបានគ្រប់ទម្រង់ទាំង បុរាណ ប្រជាប្រិយ និងសម័យ ប៉ុន្តែនៅក្នុងនោះភាគច្រើនជាប្រភេទបទប្រជាប្រិយ។ បទចម្រៀងចុងក្រោយរបស់របស់ សួស្ដី ក្នុងផលិតកម្មខាងលើ មានចំណងជើងថា “សុំប្រពន្ធយកសង្សារ” ជាបទឆ្លងឆ្លើយជាមួយតារាចម្រៀង រាជ ប្រាថ្នា ដែលជាបទអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិទើបកន្លងផុតទៅថ្មីៗ៕