ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ឧទ្យានបុរាណអង្គរ “ភូមិបៃតង” (Zannier Hotels Phum Baitang) ជាសណ្ឋាគារប្រណិត ស្ថិតនៅក្នុងតំបន់ជនបទនៃខេត្តសៀមរាប។ បើយើងមើលពីខាងក្រៅ ហាក់ដូចជាភូមិដែលអ្នកស្រុករស់នៅ ប៉ុន្តែតាមការពិតពេលចូលទៅដល់ក្នុង យើងនឹងបានឃើញនូវផ្ទះវីឡា សាងសង់តាមបែបរចនាបថខ្មែរ ហើយថែមទាំងបំពាក់ទៅដោយគ្រឿងបរិក្ខាលំដាប់ៗ នៅខាងក្នុង។
ភូមិបៃតង មានផ្ទះខ្មែរ និង ផ្ទះវីឡា ចំនួន 45 ខ្នង ដោយផ្ទះនីមួយៗ បានសាងសង់នៅក្នុងរចនាបថបែបបុរាណ។ នៅក្នុងនោះ មានផ្ទះវីឡា ចំនួន 20 ត្រូវបានគេបំពាក់អាងហែលទឹក សម្រាប់ភ្ញៀវមុជលេងកម្សាន្ត។ ក្នុងភូមិ មានភោជនីយដ្ឋាន ចំនួន 2 ឈ្មោះ ហាងបាយ (Hang Bay) និង បាយផ្សារ (Bay Phsar)។ ហាងបាយ លក់ម្ហូបអាហាររសជាតិដើមបែបខ្មែរ ចំណែក បាយផ្សារ លក់ម្ហូបអាហារខ្មែរដូចគ្នា ប៉ុន្តែប្រើប្រាស់ប្រភេទគ្រឿងផ្សំ ធម្មជាតិ ស្រស់ៗ យកមកពីចម្ការ ហើយបាយ គឺប្រើប្រាស់អង្ករ យកមកពីស្រែនៅក្នុងភូមិផ្ទាល់តែម្តង។
ក្រៅពីភោជនីយដ្ឋានទាំង 2 ខាងលើ ភូមិបៃតង មានបារ និង cocktail lounge ដែលគេសាងសង់ពីផ្ទះចាស់របស់កសិករ ហើយច្នៃវាឱ្យក្លាយជា បារ ដ៏ប្រណិត មានភាពទាក់ទាញជាខ្លាំង។ ប្រភេទភេសជ្ជៈ មានច្រើនជម្រើស ដូចជា vintage liqueurs, gin និង whisky ហើយមិនតែប៉ុណ្ណោះភ្ញៀវ អាចសាករសជាតិ cigar បានថែមទៀតផង ប្រាកដណាស់ វាជាប្រភេទ បារ ដ៏ឡូយបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនាមជា រីសតប្រណិត ភូមិបៃតង បានផ្តល់សេវាកម្មពិសេសៗមួយចំនួនទៀត ដល់ភ្ញៀវ មានដូចជា kid’s club, ការទទួលទានអាហារបែប private, វគ្គរៀនចំអិនម្ហូប, ស្វែងយល់ពីវប្បធម៌ ប្រពៃណី, ដំណើរកម្សាន្តទៅកាន់ទន្លេសាប និង ការជិះឡាន Jeep ជាដើម។ ចំពោះទីតាំងស្ថិតនៅ ស្វាយដង្គំ ខេត្តសៀមរាប ដោយការស្នាក់នៅមួយយប់ មានតម្លៃចាប់ពី 385 ដុល្លារឡើងទៅ។
Villa House