លោក ប៉ាន់ រិទ្ធី ជាផលិតករភាពយន្តដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា។ ភាពយន្ត “ការណាត់ជួប ប៉ុល ពត” របស់លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសទៅចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ (2024 Cannes Film Festival) ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ ២៥ ខែឧសភា ឆ្នាំ ២០២៤។
ផលិតករភាពយន្ត ប៉ាន់ រិទ្ធី បានកើតនៅប្រទេសកម្ពុជា ហើយបានផ្លាស់ទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ ១៩៧៩។ លោកបាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានយកភាពយន្តរបស់ខ្ញុំ មកកាន់មហោស្រពទីក្រុងកាន នៅឆ្នាំ ២០២៤នេះ។ ខ្ញុំចាំបានថា ពេលដំបូងដែលខ្ញុំបានឈានជើងចូលមកកាន់មហាស្រពភាពយន្តទីក្រុងកាន គឺនៅក្នុងឆ្នាំ ១៩៩៤ ដែលកាលណោះរឿងរបស់ខ្ញុំដែលចាក់បញ្ចាំងនៅទីនេះ មានចំណងជើងថា Rice People”។
ផលិតករភាពយន្តរូបនេះ បន្តថា “ទិដ្ឋភាពនៅអំឡុងពេលថតរឿង Rice People នៅតែដក់ជាប់នៅក្នុងដួងចិត្ត ដោយសារតែពេលនោះ ក្រុមការងារយើងត្រូវថតផ្ទាល់នៅក្នុងប្រទេសកម្ពុជា ដែលទើបងើបពីសង្គ្រាម។ អនុស្សាវរីយ៍ច្រើនរាប់មិនអស់ នាពេលនោះ នៅពេលបានឃើញទង់ជាតិរបស់កម្ពុជា ត្រូវបានគេដោតតាំងពេញក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអស់ជាង ២០ ឆ្នាំ និង របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ទីបំផុតខ្ញុំអាចមើលឃើញ ខោអាវ ពោលពេញទៅដោយពណ៌ចម្រុះ ដាក់លក់នៅក្នុងផ្សារ មនុស្សម្នា នាំគ្នាប្រកបរបររកស៊ី ចរាចរណ៍ចាប់ផ្តើមដំណើរការឡើងវិញ ពេលនោះហើយដោយខ្ញុំ បានប្រាប់ខ្លួនឯងថា ខ្ញុំមិនទាន់ស្លាប់ដោយសាររបប ប៉ុល ពត ទេ! ជាភ័ព្វសំណាង ដែលខ្ញុំនៅមានជីវិត ហើយអាចដឹកនាំផលិតខ្សែភាពយន្តពីប្រទេសកម្ពុជា យកទៅចាក់បញ្ចាំងនៅលើឆាកអន្តរជាតិ”។
នៅក្នុងអាជីពជាផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី ចំណាយពេលច្រើនទៅលើការស្រាវជ្រាវស្វែងយល់ពីរបបប្រល័យពូជសាសន៍ និង ចងក្រងការចាំចងរបស់លោកដែលបានឆ្លងកាត់របប ដ៏ខ្មៅងងឹតមួយនេះ។ ខ្សែភាពយន្ត documentary ដំបូងរបស់លោក ប៉ាន់ រិទ្ធី មានចំណងជើងថា “Site 2” ហើយភាពយន្តមួយនេះ បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើននៅក្នុងឆ្នាំ ១៩៨៩។
ចំណែក ភាពយន្តប្រភេទ feature film ដំបូងរបស់លោក រិទ្ធី ដែលមានចំណងជើងថា “Rice People” ត្រូវបានជ្រើសរើសយកទៅចាក់បញ្ចាំង និងប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ ១៩៩៤។ លុះដល់ឆ្នាំ ២០០៣ លោកបានត្រឡប់មកទីក្រុងកាន ម្តងទៀត ជាមួយខ្សែភាពយន្តរឿង “S21 The Khmer Rouge Killing Machine”។ ហើយរំលងបាន ២ឆ្នាំ គឺនៅក្នុងឆ្នាំ ២០០៥ រឿងថ្មីមួយទៀតរបស់លោកមានចំណងជើងថា “The Burnt Theatre” ត្រូវបានចាក់បញ្ចាំងនៅក្នុងមហាស្រពភាពយន្តអន្តរជាតិខាងលើ។
លោក ប៉ាន់ រិទ្ធី បានដឹកនាំភាពយន្តរឿង “The Missing Picture” ដែលជាភាពយន្តមួយទទួលបានជោគជ័យខ្លាំង ក្រោយឈ្នះពានរង្វាន់ Un Certain Regard Prize នៅក្នុងឆ្នាំ ២០១៣ និងជាខ្សែភាពយន្តខ្មែរដំបូងគេ ឈ្នះពានរង្វាន់ Academy Award ក្នុងនាមជា Best Foreign Language Film៕
ឈុតឆាកនៅពីក្រោយការផលិតខ្សែភាពយន្តរឿង “ការណាត់ជួប ប៉ុល ពត”