តាមគម្រោងដែលសិក្សារួចរាល់ហើយ នៅចុងឆ្នាំនេះ រាជធានីភ្នំពេញ នឹងមាន Pub Street រួមជាមួយផ្លូវថ្មើរជើងអមដោយសួនច្បារបៃតងស្រស់ លម្អដោយភ្លើងចម្រុះពណ៌។ នេះបើតាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលា រាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលនឹងក្លាយជាចំណុចទាក់ទាញថ្មីរបស់រាជធានីនេះ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ទីតាំងនេះ មានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង Pub Street ផងដែរ ដែលគ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះ សាលារាជធានីបានសិក្សារួចអស់ហើយ ហើយប្រគល់កិច្ចការនេះ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជាអ្នកអនុវត្តិ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងខាងលើ នឹងចាប់ផ្តើមពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ តាមផែនការ គឺធ្វើឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។
តាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub Street)។ ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
ប្រធានមន្ទីរដដែល បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹង រៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង (Pub Street) ផងដែរ។ តំបន់នេះក្រោយរៀបចំរួច នឹងបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ ល្ងាច ដល់ម៉ោង១១យប់៕ប្រភព៖ ក្រសួងព័ត៌មាន