ក្រោយពីការបង្ហាញខ្លួនថ្ងៃទី 1 នៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន លើកទី 77 ដោយគ្រងឈុតដ៏ប្លែកភ្នែកមួយ មានការរចនាឡើងពីរូបផ្កាជាច្រើនរាប់រយចម្រុះពណ៌គ្នា និងសណ្ឋានរូបរាងផ្កាផ្សេងៗគ្នា នៅថ្ងៃទី 2 អូលីវ៉ា គង់ក៏បានបើកបង្ហាញ ព្រមទាំងគ្រងឈុតមួយទៀតដែលមានឈ្មោះថា “សមរាត្រីបរមវិស្ណុលោក”។
អូលីវ៉ា គង់បាននិយាយឡើងថា ការគ្រងឈុតមួយនេះ គឺមានបំណងក្នុងការដាក់បង្ហាញនៅលើឆាកអន្តរជាតិនៃមហោស្រពភាពយន្តទីក្រុងកាន ឱ្យបានស្គាល់ និងឃើញអំពីសិល្បៈល្ខោនស្បែកខ្មែរ ព្រមទាំងបំផុសគំនិតជាមួយរូបប្រាសាទអង្គរវត្ដនាពេលព្រះអាទិត្យរះចំកំពូលនៃប្រាសាទ ដើម្បីឱ្យឃើញអំពីភាពអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីបំផុសឈុតនេះ ឱ្យមានអត្ថន័យឆ្លុះបញ្ចាំងអំពីមាតុភូមិ និងអរិយធម៌ខ្មែរ អូលីវ៉ា គង់ បានធ្វើការច្នៃម៉ូតដោយផ្ទាល់ដៃ គឺលោកបានបំពាក់ខ្សែកជារូបរាងព្រះអាទិត្យរះខ្ពស់ត្រដែត ចំពីខាងលើកំពូលនៃប្រាសាទអង្គរវត្តនៅលើឈុតដែលកំពុងគ្រង។ រីឯការបង្ហាញល្ខោនស្បែកខ្មែរ លោកបានរចនាជាប់នៅជុំវិញឈុតរ៉ូប ហាក់ដូចជាស្បៃរំភើយ ប៉ុន្តែអាចមើលឃើញអំពីរក្បូរក្បាច់នៃល្ខោនស្បែកខ្មែរបានយ៉ាងច្បាស់។
គួរបញ្ជាក់ផងដែរ លោក អូលីវ៉ា គង់ គឺជាគ្រូបង្ហាត់ដើរម៉ូត អ្នកជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ម្ពុជាដ៏ល្បីឈ្មោះមួយរូប… ឈុតដែលចេញមកពីស្នាដៃរបស់លោកសុទ្ធសឹងតែប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបង្កប់ភាពស្រស់ស្អាតយ៉ាងខ្លាំង។ លោក មានកិត្តិយសក្នុងការចូលរួមមហោស្រពភាពយន្តទីក្រុងកាន លើកទី77 “Cannes Film Festival 2024”។
រូបភាព៖ Gettyimages