កោះសំពោធ ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា កោះរាជបុត្រ មានទីតាំងស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា មានចម្ងាយប្រមាណ 40 គីឡូម៉ែត្រ ពីរង្វង់មូលតោមាស។
កោះរាជបុត្រ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជន ដោយរៀបចំទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចឱ្យភ្ញៀវទេសចរចូលលេងកំសាន្ត និងគយគន់ទេសភាពនៃកោះនេះបាន។
កោះរាជបុត្រ មានទេសភាពស្រស់ស្អាតបូករួមជាមួយបរិយាកាសខ្យល់សមុទ្របករំភើយៗបានធ្វើឱ្យភ្ញៀវទេសចរទៅកាន់ទីនោះមានអារម្មណ៍ស្រស់ស្រាយ បំភ្លេចទុក្ខកង្វល់ខ្វល់ខ្វាយទាំងអស់។ ម្យ៉ាង កោះរាជបុត្រក៏មានវេរ៉ង់ដាជាថ្នាក់ៗនៅតាមជញ្ជាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវទេសចរធ្វើការថតរូបទុកជាអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។
កោះនេះត្រូវបានតភ្ជាប់ពីឆ្នេរ ដោយស្ពានឈើមួយខ្សែបន្លាយខ្លួនអូសកាត់ទឹកសមុទ្រ ដើម្បីជាភាពងាយស្រួលដល់អ្នកទេសចរធ្វើដំណើរទស្សនកិច្ចកូនកោះតូចនេះ អមជាមួយរុក្ខជាតិដ៏ខៀវស្រងាត់។ នាពេលរសៀល អ្នកអាចគយគន់ទេសភាពថ្ងៃលិចតាមប្របមាត់ឆ្នេរ និងអាចជិះទូកលេងទស្សនាព្រៃកោងកាងបានទៀតផង។
ថ្វីបើកោះនេះមានរាងតូចច្រឡឹង ប៉ុន្តែចំពោះទេសភាព និងភាពសម្បូរបែបនោះ គឺមិនចាញ់គោលដៅទេសចរណ៍ដទៃទៀតឡើយ។