កាលពីពេលថ្មីៗកន្លងទៅនេះ លោក អូលីវ៉ា គង់ បានចូលរួមដើរបង្ហាញម៉ូតជាមួយកូនខ្មែរមួយរូប នៅក្នុងកម្មវិធី Model Kid ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន។ វីដេអូឃ្លីបមួយបានបង្ហាញអំពីទិដ្ឋភាព លោក អូលីវ៉ា គង់ បានកាន់ទង់មួយដោយស្លាកមានអក្សរចិន ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ថា ស្លាកនោះមានន័យយ៉ាងណា?
ថ្លែងប្រាប់ ឡេឌីស៍ ស្ថាបនិក Cambodia’s Queen of The Catwalk រូបនេះ បានឱ្យដឹងថា “លោកបានចូលរួមក្នុងការប្រកួតដើរបង្ហាញម៉ូតជាមួយនឹងយុវតីខ្មែរម្នាក់ ដែលបានមកសិក្សានិងរស់នៅក្នុងប្រទេសចិន។ កម្មវិធីដែលលោកចូលរួមនេះ ជាការប្រកួត Model Kid ហើយយុវតីខ្មែររូបនោះត្រូវបានគេអញ្ជើញឱ្យចូលប្រកួត។” លោក បន្តថា “តាមពិតទៅកម្មវិធីនេះ តំណាងប្រទេសចិន ប៉ុន្តែនៅពេលដែលលោកបានកាន់ទង់មានស្លាកអក្សរចិននោះ គឺលោកបានស្នើសុំខាងគណៈកម្មការរៀបចំ ឱ្យសរសេរដាក់ថា មកពីប្រទេសកម្ពុជា ហើយស្លាកដែលមានអក្សរចិនដែលលោកកាន់នោះ គឺចង់បញ្ជាក់ប្រាប់ថា លោកគឺមកពីប្រទេសកម្ពុជា”។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញ លោក អូលីវ៉ា គង់ បានបង្ហោះអត្ថន័យ ភ្ជាប់ជាមួយនឹងឃ្លីបវីដេអូ ដែលលោកបានដើរបង្ហាញម៉ូតនៅប្រទេសចិនថា “រាល់ថ្ងៃតែងតែលើកទឹកចិត្តខ្លួនឯងរហូតទោះបី រវល់ប៉ុណ្ណា ហត់ប៉ុណ្ណា ចំណាយច្រើនប៉ុណ្ណានៅតែឈ្លៀតដើម្បីតែពាក្យមួយម៉ាត់ គឺដើម្បីកម្ពុជា។ ខ្ញុំស្រឡាញ់កម្ពុជា ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ទឹកដី ស្រឡាញ់មុខម្ហូបខ្មែរ ស្រឡាញ់សិល្ប: វប្បធម៌ អរិយធម៌ដ៏ផូរផង់ គោរពស្រឡាញ់ថ្នាក់ដឹកនាំអស់ពីបេះដូង ខ្ញុំបានសច្ចានឹងខ្លួនឯងថានឹងនាំយកកម្ពុជាទៅកាន់ពិភពលោក”។
គួរបញ្ជាក់ថា ជារឿយៗ គេតែងឃើញ លោក អូលីវ៉ា គង់ បានបង្ហាញអំពីអត្តសញ្ញាណក្នុងនាមជាខ្មែរ នៅលើឆាកអន្តរជាតិ ជាពិសេសនោះ គឺនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ 2024 ដែលបានប្រព្រឹត្តទៅនៅប្រទេសបារាំង មានការចូលរួមពីសំណាក់តារាអន្តរជាតិល្បីៗជាច្រើនមកពីជុំវិញពិភពលោក៕