បន្ទាប់ពីបានឲ្យតម្រុយតាំងពីមុនចូលឆ្នាំខ្មែរ ឥឡូវនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានខិតទៅកាន់តែជិតតំណែងជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ជំនួសប្រធានចាស់ដែលផុតអាណត្តិហើយ។
តាមព័ត៌មានពីគណៈកម្មការបន្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសមាគមសិល្បករខ្មែរបានឲ្យដឹងថា គិតត្រឹមពេលនេះ លោកជំទាវឧកញ៉ា បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។
ប្រភពដដែលបានបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដូច្នេះ លោកជំទាវឧកញ៉ា បានក្លាយជាបេក្ខភាពពេញសិទ្ធិត្រៀមសម្រាប់ទទួលយកការបោះឆ្នោតសម្រាប់តំណែងថ្នាក់ដឹកនាំសមាគមហើយ។
ក្រៅពីជំទាវឧកញ៉ា ម៉ៅ ចំណាន ក៏មានបេក្ខភាពផ្សេងទៀត បានបង្ហាញចំណាប់អារម្មណ៍ចំពោះតំណែងខាងលើដូចគ្នា។ តាមគណៈកម្មការបន្ដោះអាសន្នរៀបចំការបោះឆ្នោត បានឲ្យដឹងថា បេក្ខភាពផ្សេងទៀត បានសាកសួរព័ត៌មាន និងទទួលពាក្យពីគណៈកម្មការ ដើម្បីបំពេញក្នុងការចូលរួមផងដែរ។
តាមកាលបរិច្ឆេទ គណៈកម្មការបន្ដោះអាសន្នរៀបចំការបោះឆ្នោត នឹងឈប់ទទួលពាក្យចូលរួមប្រជែងតំណែងសមាគមសិល្បករខ្មែរអាណត្តិទី៦ ត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ ដោយឡែកកាលបរិច្ឆេទនៃការបោះឆ្នោតផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ខែឧសភាឆ្នាំ២០២៤ខាងមុខ។
សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។
មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៍បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៍ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ៕